អ្នកនាំពាក្យរបស់ចិនដីគោកកាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា សុន្ទរកថារបស់ជនអបគមន៍ដែលបានធ្វើឡើងនាពេលថ្មីៗនេះដោយលោកឡៃ ឆីង-ទ (Lai Ching-te) មេដឹកនាំនៃតំបន់តៃវ៉ាន់បានបង្ហាញជាថ្មីទៀតនូវធម្មជាតិពិតរបស់គេ ជា "អ្នកបំផ្លាញសន្តិភាព ឆ្លងច្រកសមុទ្រ" និង "អ្នកបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់" ។ មេដឹកនាំរូបនេះនៅតែប្រកាន់ជំហរជាអ្នកផ្ដាច់ខ្លួនទាមទារឯករាជ្យសម្រាប់កោះតៃវ៉ាន់។

លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើអត្ថាធិប្បាយបែបនេះក្នុងការឆ្លើយតបនឹងសំណួរអំពីសុន្ទរកថារបស់លោកឡៃ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃ។

លោកស្រី ជូ បាននិយាយថា ទោះបីជាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់មិនទាន់ត្រូវបានបង្រួបបង្រួមពេញលេញក៏ដោយ ប៉ុន្តែការពិតគឺថាទាំងតំបន់ដីគោក និងតៃវ៉ាន់ ជាកម្មសិទ្ធិរបស់ចិនតែមួយ ហើយកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន មិនដែលផ្លាស់ប្តូរ និងមិនអាចផ្លាស់ប្តូរបានទេ។

អ្នកនាំពាក្យរូបនេះបាននិយាយថា តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការឯកភាពរួមឆ្នាំ ១៩៩២ នឹងធ្វើឱ្យទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រមានភាពប្រសើរឡើង និងអភិវឌ្ឍប្រកបដោយសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ត្រូវបានធានា ហើយការផ្លាស់ប្តូរ និងការសន្ទនាឆ្លងច្រកសមុទ្រនឹងប្រព្រឹត្តទៅដោយរលូន៕