រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីស្វាគមន៍ចំពោះទស្សនៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ការអូសទាញអ៊ុយក្រែន ឆ្ពោះទៅរកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ គឺជាបញ្ហានៃការព្រួយបារម្ភចំពោះទីក្រុងមូស្គូ។

រុស្ស៊ី បានលើកឡើងកាលពីថ្ងៃពុធដដែលនោះថា ការប្រាស្រ័យទាក់ទងជាមួយក្រុមការងាររបស់លោកប្រធានាធិបតី Donald Trump កំពុងមានសន្ទុះខ្លាំង បន្ទាប់ពីមានរបាយការណ៍ថាមេដឹកនាំរុស្ស៊ី និងអាមេរិក អាចនឹងជួបគ្នានៅក្នុងប្រទេសណាមួយនៅអារ៉ាប់។

លោក Trump បាននិយាយកាលពីខែមករាថា លោកមានការអាណិតអាសូរចំពោះគោលជំហររបស់រុស្ស៊ីដែលថាអ៊ុយក្រែនមិនគួរជាផ្នែកនៃអង្គការណាតូ ហើយបានស្តីបន្ទោសប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលទើបផុតអាណត្តិគឺ លោក Joe Biden ចំពោះការចោទប្រកាន់ថាបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកលើសមាជិកភាពរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន។

លោក Lavrov បាននិយាយថា នេះជាលើកដំបូងហើយ ដែលលោកប្រធានាធិបតី Trump នៅក្នុងសុន្ទរកថាដំបូងរបស់លោក រិះគន់ជំហររបស់រដ្ឋបាលលោក Biden ស្តីពីវិបត្តិអ៊ុយក្រែន និងបាននិយាយដោយត្រង់ៗថា កំហុសធំមួយ គឺការអូសទាញអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ ។
លោក Lavrov បាននិយាយថា នេះជាលើកដំបូងដែលបញ្ហារបស់អង្គការណាតូត្រូវបានកំណត់ថាជាអ្វីមួយដែលសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាយ៉ាងយកចិត្តទុកដាក់៕