ប្រទេសអាហ្សង់ទីន បាននិយាយឲ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ដោយដើរតាមគន្លងរបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងពីការត្អូញត្អែរស្រដៀងគ្នាអំពីការគ្រប់គ្រងរបស់ស្ថាប័នអង្គការសហប្រជាជាតិ លើជំងឺរាតត្បាត COVID-19 ។
អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Javier Milei បានប្រកាសពីការសម្រេចនេះ រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រធានាធិបតី លោក Donald Trump ដែលជាសម្ព័ន្ធមិត្តមនោគមវិជ្ជា និងជាវីរបុរសរបស់មេដឹកនាំអាហ្សង់ទីន បានប្រកាសពីការដកខ្លួនចេញតាមផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ពីស្ថាប័ននេះ។

អ្នកនាំពាក្យ លោក Manuel Adorni បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តរបស់ លោក Milei គឺផ្អែកលើ «ភាពខ្វែងគំនិតគ្នាយ៉ាងជ្រៅ ទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខភាព ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត»។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក បង្ហាញថា ប្រទេសអាហ្សង់ទីន បានចូលរួមចំណែកចំនួន ៨,៧៥លានដុល្លារអាមេរិក ជាថវិកាសមាជិកភាពដល់អង្គការនេះនៅឆ្នាំ២០២២និងឆ្នាំ២០២៣។ ប្រទេសនេះ ត្រៀមរួមចំណែក ៨,២៥លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។
ទោះជាយ៉ាង ថវិការបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិភាគច្រើន បានមកពីការរួមចំណែកដោយស្ម័គ្រចិត្ត ហើយប្រទេសអាហ្សង់ទីន ពុំបានធ្វើទេក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។