សាខា ប.ស.ស ខេត្តក្រចេះ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយសន្តិសុខសង្គម ជូនដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនស្វីសរីសសល៍ (Cambodia) ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៥ ។
តាមការឲ្យដឹងពី លោក ហេ សុខសាយ ប្រធានសាខាបានឲ្យដឹងថា៖ ដោយអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ មុំទី ៤ និងកម្មវិធីទី១ នៃយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន និងស្រប់តាមផែនការសកម្មភាពនោះ ក្រុមការងារ ប.ស.ស សាខាខេត្តក្រចេះ បានចុះដល់ក្រុមហ៊ុនដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គម និងធ្វើប័ណ្ណ ប.ស.ស ជូនដល់កម្មករនិយោជិត ប្រមាណចំនួន ២០០នាក់ ។
បន្ថែមពីនេះ លោកបានជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ឲ្យយល់កាន់តែច្បាស់អំពី គោលនយោបាយរបស់ ប.ស.ស នៃក្រសួងការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
ជាមួយគ្នានេះ លោក ហេ សុខសាយ ក៏បានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍ ដែលបងប្អូនកម្មករ-និយោជិត ត្រូវទទួលបាន ដូចជា៖ របបហានិភ័យការងារ -របបថែទាំសុខភាព និងរបបប្រាក់សោធន (ប្រាក់រ៉ឺត្រែតជាដើម) ។
លោក បានបន្ថែមថា៖ បងប្អូនកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស និងរាជរដ្ឋាភិបាល ទាំងពេលបច្ចុប្បន្ននិងពេលអនាគត រហូតដល់មរណភាព ។
ជាងនេះទៅទៀត លោក ក៏បានស្នើរសុំឲ្យម្ចាស់ក្រុមហ៊ុន ត្រូវជម្រុញចែតចែង និងសម្របសម្រួលដល់បងប្អូនកម្មករ-នយោជិត ក្នុងការចុះឈ្មោះស្នើរសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ និងការធានារ៉ាប់រងលើហានីភ័យការងារឲ្យបានគ្រប់ៗគ្នា ។
ទន្ទឹមនឹងនោះដែរ បងប្អូនកម្មករ-និយោជិត ដែលបានចូលរួមក្នុងការផ្សព្វផ្សាយនាពេលនោះ មានការសប្បាយរីករាយប្រកបដោយភាពជឿជាក់ចំពោះ ប.ស.ស ជាពិសេស មានជំនឿជាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ ។ ពួកគាត់បានសំដែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោអតីត និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ៕ ដោយ សេង ម័រ





