កំណាត់ផ្លូវ ៦០ម៉ែត្រ ត្រូវបានមន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញស្ទូចរបាំងថ្ម និងរនាំងដែកដើម្បីដាក់ទ្រូងផ្លូវ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញបានស្ទូចយក របាំងថ្មនិងរនាំងដែកដើម្បីដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយនិងបញ្ជៀសចរាចរណ៍នៅកំណាត់ផ្លូវ៦០ម៉ែត្រនេះដោយកន្លងមកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលដោយមនុស្សស្លាប់ជាញឹកញាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមន្រ្តីជំនាញនៃមន្ទីរសាធារណការរាជធានីភ្នំពេញបានចាប់ផ្ដើមស្ទូចយករបាំងថ្មនិងរនាំងដែកដើម្បីយកមកដាក់ទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រដែលស្ថិតនៅមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។
ប្រជាពលរដ្ឋ ដែលអ្នកប្រកបរបរលក់ដូរនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានឱ្យដឹងថា ក្នុងមួយរយៈពេលក្រោយមកនេះ ពួកគាត់បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានការកើតឡើងញឹកញាប់ដូចពេលមុននោះទេ ពិសេសការបើកបរធ្វើដំណើររបស់ពលរដ្ឋអ្នកបញ្ជារយានយន្ត ហាក់ចូលរួមគោរពបានល្អប្រសើរជាងមុន ដោយមិនសូវមានអ្នកបន្តបើកបរលឿនៗទៀតនោះឡើយ ខណះដែលសមត្ថកិច្ចនៅតែបន្តយកចិត្តទុលដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃផងដែរ។
ពលរដ្ឋបន្តលើកឡើងថា កន្កងទៅអ្នកបើកបរទាំងម៉ូតូទាំងរថយន្តបានបើកបរក្នុងល្បឿនលឿនៗមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ហើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះភាគច្រើនគឺបណ្ដាលឲ្យមានមនុស្សស្លាប់ផងដែរ។
សូមបញ្ជាក់ថា ការអនុញ្ញាត្តិល្បឿននៅលើផ្លូវ៦០ម៉ែត្រ គឺក្រោម៦០km/h គិតចាប់ពីស្តុប៥០ម៉ែត្រ ដល់ស្តុបសឺដែស ។ ដោយឡែកពីស្តុបសឺដែស ដល់ស្ពានអាកាសមរតកតេជោ គឺអនុញ្ញាត្តិត្រឹម 40Km/h ប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណះការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានគូសគំនូសសញ្ញាចរាចរណ៍ នៅលើដងផ្លូវខាងលើ និងដាក់ទ្រូងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋអ្នកដំណើរងាយស្រួលកំណត់ចំណាំឱ្យបានច្បាស់ និងបន្តការចូលរួមគោរពគំនូសសញ្ញាឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាផងដែរ៕ អត្ថបទ៖ កុម្ភៈ






