ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ថា ប្រទេសអ៊ុយក្រែន នៅតែបន្តទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក ប៉ុន្តែពុំទាន់មានការពិភាក្សាអំពីកញ្ចប់ថ្មីនៅឡើយទេ។

ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកផ្គត់ផ្គង់ធំបំផុតមួយនៃជំនួយផ្នែកយោធានិងហិរញ្ញវត្ថុដល់ទីក្រុងគីវ ចាប់តាំងពីការចាប់ផ្តើមការវាយលុកពេញបន្ទុករបស់រុស្ស៊ី រយៈពេលជិតបីឆ្នាំមកនេះ។

ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក Doland Trump បានរិះគន់ជាប្រចាំអំពីចំនួនជំនួយ ដែលត្រូវបានផ្តល់ដោយរដ្ឋបាលប្រធានាធិបតីមុនៗ។

ប្រភពពីសារព័ត៌មាន Reuters បាននិយាយថា ការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ត្រូវបានផ្អាកមួយរយៈនៅថ្មីៗនេះ មុនពេលចាប់ផ្តើមឡើងវិញកាលពីចុងសប្តាហ៍មុន។
នៅពេលត្រូវបានសួរអំពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបន្តវាយរុញច្រានរុស្ស៊ីដោយគ្មានជំនួយពីសហរដ្ឋអាមេរិក លោក Zelenskiy បាននិយាយថា លោកមិនប្រាកដនោះទេថាតើប្រទេសរបស់លោកអាចរក្សាការការពារខ្លួនបាន ឬយ៉ាងណា។
លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងទីក្រុងគីវ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy។