ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់ម្ចាស់ជំនួយឱ្យនាំមកនូវការបង់ប្រាក់តាមផែនការ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានផ្អាកការរួមចំណែកថវិការាប់រយលានដុល្លារ ជាផ្នែកមួយនៃការបង្កកជំនួយនៅបរទេសរបស់ខ្លួន។

លោក Filippo Grandi ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា លោកបានស្នើសុំសមាជិកសហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត តាមនីតិវិធីជំនួយដែលអាចបត់បែនបាន ក្នុងការពន្លឿនការរួមចំណែករបស់ពួកគេ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបង្កកជំនួយរបស់សហរដ្ឋអាមេរិក។

លោក បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធថា «បើមិនដូច្នេះទេ យើងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ ដែលយើងពុំអាចរកទប់ទល់បាន»។

«យើងដោះស្រាយស្ថានភាពសង្គ្រោះជីវិត នៅកន្លែងដែលយើងមិនអាចបង្អាក់ជំនួយយូរបាន»។
ភ្លាមៗក្រោយចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតី លោក Donald Trump បានបញ្ជាឱ្យពិនិត្យឡើងវិញនូវជំនួយបរទេសស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីធានាថា វាស្របតាមគោលនយោបាយ «America first» របស់លោក។
បន្ទាប់មក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញបទបញ្ជាបញ្ឈប់ការងារសម្រាប់ជំនួយបរទេសដែលមានស្រាប់ទាំងអស់ ហើយផ្អាកជំនួយថ្មី។