សីតុណ្ហភាពរដូវក្តៅដ៏ក្ដៅគគុកនៅទីក្រុង រីអូ ដេ ហាណៃរ៉ូ (Rio de Janeiro) របស់ប្រទេសប្រេស៊ីល បានជំរុញឱ្យអ្នកស្រុក និងភ្ញៀវទេសចរ ស្វែងរកវិធីថ្មីដើម្បីបន្ធូរអារម្មណ៍ និងផ្ដល់ភាពត្រជាក់ ដោយមនុស្សជាច្រើនសម្រុកទៅលេងឆ្នេរសមុទ្រទាំងកណ្ដាលយប់ថ្ងៃពុធ (០៥ កុម្ភៈ) ជាជាងការប្រើម៉ាស៊ីនត្រជាក់។

មនុស្សម្នាជាច្រើនមានទាំងក្មេងទាំងចាស់ បានប្រមូលផ្តុំគ្នានៅមាត់ច្រាំងឆ្នេរកាលយប់ថ្ងៃពុធ ដើម្បីរីករាយជាមួយនឹងខ្យល់ត្រជាក់ និងពន្លឺបំភ្លឺនៅមាត់សមុទ្រ។
អ្នកស្រុកបានឱ្យដឹងថា មហាសមុទ្របានក្លាយទៅជាជម្រកគេចពីកម្ដៅដ៏ល្បីល្បាញ ដែលផ្តល់នូវជម្រើសដ៏ស្រស់ស្រាយសម្រាប់រាត្រីដែលមានអាកាសធាតុក្តៅគគុករបស់ទីក្រុង Rio ហើយមនុស្សរាប់រយនាក់បានចុះទៅមុជទឹកឆ្នេរ Rio សូម្បីតែបន្ទាប់ពីថ្ងៃលិចក៏ដោយ។

សីតុណ្ហភាពត្រូវបានគេព្យាករថានឹងឡើងដល់កម្រិតខ្ពស់ ៣៩អង្សាសេ នៅថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) នេះ និង ៣៨អង្សាសេ នៅថ្ងៃសុក្របន្ទាប់។ ដោយការព្យាករពីអាកាសធាតុក្ដៅខ្លាំងនឹងនៅតែបន្ត ទំនោរអ្នកទៅលេងឆ្នេរនៅពេលយប់បែបនេះត្រូវបានគេរំពឹងថានឹងកើនឡើងក្លាយជាវិធីសាស្រ្តថ្មីដើម្បីរីករាយជាមួយរដូវក្តៅដ៏អាក្រក់របស់ទីក្រុងប្រេស៊ីលមួយនេះ៕