ប៉ូឡូញ៖ ប្រធានាធិបតីប៉ូឡូញ និងរដ្ឋមន្ត្រីការពារជាតិបានចុះពិនិត្យទាហានការពារព្រំដែន និងមន្ត្រីនគរបាលដែលជួយការពារព្រំដែនជាមួយប្រទេសបេឡារុស។ រដ្ឋមន្ត្រីការពារជាតិលោក Mariusz Blaszczak បាននិយាយថា ស្ថានភាពនៅតាមព្រំដែននៅតែតានតឹង។ លោកបានចោទប្រកាន់ប្រទេសបេឡារុសថា បានប្រើប្រាស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលជាប់គាំង នៅតាមព្រំដែនរួមធ្វើជាកូនអុកនយោបាយ។

ទន្ទឹមនឹងនេះ ទាហានឆត្រយោងប្រទេសរុស្ស៊ី និងបេឡារុសបានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាមួយ នៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញកាលពីថ្ងៃសុក្រ។ ប្រទេសរុស្ស៊ីបានបញ្ជូនទាហានឆត្រយោងរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស ក្នុងការបង្ហាញការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងពេលមានភាពតានតឹងលើបញ្ហាជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលកំពុងប្រមូលផ្តុំនៅតាមព្រំដែនប្រទេសបេឡារុស-ប៉ូឡូញ។ ទីក្រុងម៉ូស្គូបាននិយាយថា ជាផ្នែកមួយនៃហ្គេមសង្គ្រាមរួមគ្នា ទាហានឆត្រយោងរុស្ស៊ីប្រមាណ ២៥០នាក់បានលោតឆត្រយោងពីយន្តហោះដឹកជញ្ជូនធុនធ្ងន់ IL-76 ចូលទៅក្នុងតំបន់ Grodno។
ទីក្រុងម៉ូស្គូនិយាយថា ទាហានឆត្រយោងបានឡើងលើយន្តហោះដឹកជញ្ជូនឡើងវិញ ហើយបានហោះត្រឡប់ទៅប្រទេសរុស្ស៊ីវិញបន្ទាប់ពីសមយុទ្ធ។ និយាយអំពីសមយុទ្ធនេះ រដ្ឋមន្ត្រីការពារជាតិបេឡារុសលោក Viktor Khrenin បានថ្កោលទោសប្រទេសប៉ូឡូញចំពោះការបន្ថែមកម្លាំងនៅព្រំដែនរបស់ខ្លួន។ លោកបាននិយាយថា ការគ្រប់គ្រងការធ្វើអន្តោប្រវេសន៍មិនធានាដល់មានការប្រមូលផ្តុំកងទ័ពចំនួន ១៥,០០០នាក់ដែលគាំទ្រដោយរថក្រោះ សម្ភារៈការពារដែនអាកាស និងអាវុធផ្សេងទៀតនោះទេ៕
អត្ថបទ៖ ប៊ុនថន