ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្តការពារយ៉ាងម៉ឺងម៉ាត់ចំពោះការជំរុញរបស់មេដឹកនាំអាមរិករូបនេះក្នុងការផ្ទេរជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ហើយឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ប៉ុន្តែពួកគេក៏បានស្ទាក់ស្ទើរពីចំណុចលម្អិតមួយចំនួននៃសំណើនេះ ដោយសារតែការថ្កោលទោសអន្តរជាតិ។

ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះនៅក្នុងតំណែង លោក Trump បានបំបែកគោលនយោបាយច្រើនទសវត្សរ៍របស់អាមេរិក កាលពីថ្ងៃអង្គារ ជាមួយនឹងការប្រកាសថា លោកស្រមៃចង់ផ្លាស់ប្តូរតំបន់ហ្កាហ្សា ទៅជា "តំបន់លំហែកាយឆ្នេរសមុទ្រមជ្ឈិមបូព៌ា" ដែលសហគមន៍អន្តរជាតិអាចរួមរស់នៅជាមួយគ្នាបាន បន្ទាប់ពីសង្រ្គាមដ៏បំផ្លិចបំផ្លាញជិត ១៦ខែ។

នៅឯសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធ អ្នកនាំពាក្យ លោកស្រី Karoline Leavitt បានសាទរចំពោះសំណើហ្កាហ្សា របស់លោក Trump ថាជាគំនិតថ្មីបែបប្រវត្តិសាស្ត្រ ប៉ុន្តែក៏បានសង្កត់ធ្ងន់យ៉ាងស្ទាក់ស្ទើរថា លោកប្រធានាធិបតីមិនបានប្តេជ្ញាថានឹងដាក់ "ដាក់ទាហានប្រចាំការ" ក្នុងទឹកដីនោះទេ។ យ៉ាងណាក៏ដោយ លោកស្រីក៏បានបដិសេធមិនច្រានចោលការប្រើទ័ពអាមេរិកនៅទីនោះដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏និយាយផងដែរថា គំនិតនេះគឺឱ្យពលរដ្ឋហ្កាហ្សាចាកចេញពីដែនដីនេះ "បណ្តោះអាសន្នប៉ុណ្ណោះ" អំឡុងការកសាងឡើងវិញ និងសម្អាតកម្ទេចកម្ទី។
អ្នកជំនាញមួយចំនួននិយាយថា សកម្មភាពដែលបានស្នើឡើងនោះអាចបំពានច្បាប់អន្តរជាតិ។ អ្នកផ្សេងទៀតបានពណ៌នាគំនិតរបស់មេដឹកនាំអាមេរិករូបនេះថាមិនអាចដំណើរការបានឡើយ ខណៈអ្នកតស៊ូមតិសិទ្ធិមនុស្សនិយាយថា នោះនឹងមានន័យថាជា "ការបោសសម្អាតជាតិសាសន៍"៕