គ្រូបង្រៀន និស្សិត និងនិវត្តជនជនជាតិស៊ែរប៊ី បានចេញធ្វើបាតុកម្មកាត់តាមទីក្រុងបែលក្រាដ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ខណៈរលកថ្មីនៃការតវ៉ាប្រឆាំងអំពើពុករលួយ បានរាលដាលពាសពេញប្រទេស។

មនុស្សរាប់ពាន់នាក់ បានដង្ហែរបាតុកម្មនៅតាមដងផ្លូវក្នុងរដ្ឋធានីរបស់ប្រទេស ដោយកាន់បដា និងផ្លុំកញ្ចែ ក្នុងការតវ៉ាចុងក្រោយប្រឆាំងរដ្ឋាភិបាល ជុំវិញមហន្តរាយបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ កាលពីខែវិច្ឆិកា ឆ្នាំមុន។
ការតវ៉ា ជុំវិញការស្លាប់ដែលបណ្តាលមកពីការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងទីក្រុង Novi Sad បានរាលដាលយ៉ាងឆាប់រហ័ស និងរាលដាលពាសពេញប្រទេសតំបន់បាល់កង់មួយនេះ ដែលបានបង្កឱ្យមានវិបត្តិនយោបាយ។

ក្រុមបាតុករនិយាយថា អំពើពុករលួយ បក្ខពួកនិយម និងការងារសង់សំណង់មិនត្រឹមត្រូវ គឺនៅពីក្រោយមហន្តរាយនេះ ហើយចង់ឱ្យមានចំណាត់ការតាមផ្លូវច្បាប់យ៉ាងឆាប់រហ័សលើអ្នកទទួលខុសត្រូវ ដោយបន្ទោសអ្នកដែលស្ថិតនៅក្រោមអំណាចរបស់គណបក្សស៊ែរប៊ីជឿនលឿន របស់ប្រធានាធិបតី លោក Aleksandar Vucic ។