ក្រុមមន្រ្តីមកពីទីភ្នាក់ងារសហព័ន្ធជាច្រើនរបស់សហរដ្ឋអាមេរិក បានបង្កើនការចុះឆ្មក់ឆែកឆេររបស់ខ្លួនកាលពីថ្ងៃពុធ (០៥ កុម្ភៈ) លើជនអន្តោប្រវេសន៍ខុសច្បាប់នៅទីក្រុងមួយចំនួនដូចជា Aurora និង Colorado ដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ជាទីដែលលោកប្រធានាធិបតី Donald Trump បានដាក់ចេញនូវគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោកក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។

មន្ត្រីសហព័ន្ធនិយាយថា ពួកគេកំពុងកំណត់គោលដៅលើសមាជិកជាង ១០០នាក់ដែលត្រូវបានចោទប្រកាន់ថាជាគ្នីគ្នារបស់ក្រុមជនអន្ធពាលវេណេស៊ុយអេឡា ត្រេន ដេ អារ៉ាហ្គ័រ (Tren de Aragua) ដែលមានប្រភពមកពីពន្ធនាគារដែលបានពង្រីកនៅទូទាំងទ្វីបអាមេរិក។

សាក្សីនៅក្នុងប្រតិបត្តិការឆ្មក់ឆែកឆេរលើអគារផ្ទះល្វែងជាច្រើននៅក្រុង Aurora បានសង្កត់ធ្ងន់ថា ភ្នាក់ងារអាមេរិកចុះគោះទ្វារផ្ទះទាំងអស់នៅទីនោះ និងកំណត់គោលដៅលើជនគ្រប់រូបដែលអាចរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយហាក់ដូចជាមិនមែនសកម្មភាពកំណត់គោលដៅតែលើ សមាជិកក្រុមជនអន្ធពាលណាមួយឡើយ។

អ្នកស្រុកមួយចំនួននិយាយថា ក្រុមឧក្រិដ្ឋជន Tren de Aragua បានជ្រៀតចូលតំបន់ Aurora ដែលនៅជាយក្រុង Denver ប៉ុន្តែមន្ត្រីក្នុងតំបន់បានហៅការអះអាងពីវត្តមាន និងសកម្មភាពរបស់សមាជិកក្រុម Tren de Aragua នៅក្នុង Aurora នេះថាជារឿងមិនពិត និងជាការអុជអាល៕