មន្ត្រីអង្គការយូនីសេហ្វម្នាក់(UNICEF) បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់កុមារចំនួន ៤០នាក់ ត្រូវបានសម្លាប់ ដោយការទម្លាក់គ្រាប់បែក ក្នុងរយៈពេល បីថ្ងៃ នៅតំបន់ជាច្រើននៃប្រទេសស៊ូដង់ ដោយបានហៅករណីនេះថា ជាគំរូ «យ៉ាងច្បាស់»នៃការរគំរាមកំហែងដែលយុវជនកំពុងប្រឈម នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។

អ្នកស្រី Annmarie Swai តំណាងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គួរឲ្យសោកស្តាយណាស់ វាគឺជារឿងដ៏កម្រណាស់ ដែល រយៈពេលពីរបីថ្ងៃកន្លងផុតទៅ ដោយពុំមានរបាយការណ៍ថ្មីអំពីកុមារដែលត្រូវបានសម្លាប់ និងរងរបួស»។

អ្នកស្រី បាននិយាយសំដៅទៅលើការវាយប្រហារ នៅក្នុងទីក្រុង Kadugli ភាគខាងត្បូង កាលពីថ្ងៃចន្ទ ដែលបានសម្លាប់កុមារ ២១នាក់ និង ២៩នាក់ផ្សេងទៀត រងរបួស និងរបាយការណ៍អំពីកុមារយ៉ាងហោចណាស់ ១១នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកលើទីផ្សារបសុសត្វមួយ នៅទីក្រុង El-Fasher ជារដ្ឋធានីដែលត្រូវបានឡោមព័ទ្ធ នៅរដ្ឋ North Darfur។
អ្នកស្រី Swai បានបន្តថា កុមារចំនួន ៨នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងការវាយប្រហារមួយ នៅលើទីផ្សារមួយ នៅជិតរដ្ឋធានីខាទុំ(Khartoum) ប្រទេសស៊ូដង់ កាលពីថ្ងៃសៅរ៍។
អ្នកស្រី បានបញ្ជាក់ថា៖« កុមារយ៉ាងតិច ៤០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ នៅក្នុងតំបន់ចំនួនបីផ្សេងគ្នានៃប្រទេស។ នេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការបំផ្លិចបំផ្លាញ និងការកើនឡើងនៃការគំរាមកំហែងដល់កុមារ នៅក្នុងប្រទេសស៊ូដង់»។