ការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការបង្ហាញព័ត៌មាន និងភ័ស្តុតាងទាក់ទងនឹងអំពើឃោរឃៅ ដែលបានប្រព្រឹត្តនៅភាគខាងកើត ប្រទេសកុងហ្គោ ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ២.៩០០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សា ចាប់តាំងពីចលនាឧទ្ទាម M23 គាំទ្រដោយប្រទេសរ្វ៉ាន់ដា បានដណ្តើមកាន់កាប់ទីក្រុង Goma ភាគខាងកើត កាលពីសប្តាហ៍មុន។

ការិយាល័យរបស់រដ្ឋអាជ្ញា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការិយាល័យនេះ នឹងបន្តស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តដោយជនណាម្នាក់ ដោយមិនគិតពីការជាប់ពាក់ព័ន្ធ ឬសញ្ជាតិ ហើយនឹងមិនត្រូវបានកំណត់ចំពោះបុគ្គលជាក់លាក់ ភាគី ឬសមាជិកនៃក្រុមជាក់លាក់ណាមួយឡើយ» ។

ខណៈដែលទីក្រុង Goma បានរាប់ចំនួនអ្នកស្លាប់របស់ខ្លួន លោកស្រី Vivian van de Perre អនុប្រធានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បានផ្តល់ចំនួនអ្នកស្លាប់ថ្មីៗពីការប្រយុទ្ធដណ្តើមយកទីក្រុងនេះ។
លោកស្រី បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា៖«រហូតមកដល់ពេលនេះ សាកសពចំនួន ២.000 ត្រូវបានប្រមូលយកចេញពីផ្លូវនានានៃទីក្រុង Goma ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយសាកសពចំនួន ៩០០នាក់ គឺស្ថិតក្នុងកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យមួយចំនួន នៅទីក្រុង Goma» ដោយនិយាយថា ចំនួនអ្នកស្លាប់ អាចបន្តកើនឡើង។
រដ្ឋអាជ្ញាតុលាការ ICC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុង «តាមដានយ៉ាងប្រុងប្រយ័ត្នបំផុត» នូវព្រឹត្តិការណ៍ នៅភាគខាងកើតប្រទេសកុងហ្គោ» រួមទាំងការកើនឡើងនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ»។