ប្រមុខការទូតរុស្ស៊ីម្នាក់ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ត្រូវតែចាត់វិធានការដំបូង ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីខកខានជាច្រើនឆ្នាំ ក្នុងការស្តាប់វិមានក្រឹមឡាំង និងគោលនយោបាយខុសឆ្គង ដែលមានបំណងធ្វើឲ្យទីក្រុងមូស្គូ«បរាជ័យជាយុទ្ធសាស្ត្រ»។

អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ក៏បាននិយាយផងដែរថា នេះគឺជារឿងខុសឆ្គង ក្នុងការពឹងផ្អែកលើគោលនយោបាយការបរទេសស្តីពីតម្រូវការ ដើម្បី«ឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយសេតវិមាន ក្នុងតម្លៃណាក៏ដោយ”។

ទំនាក់ទំនងរវាងរុស្សី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាប ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយសារតែការលុកលុយរបស់ទីក្រុងមូស្គូ ក្នុងឆ្នាំ ២០២២ ទៅលើអ៊ុយក្រែន។
ប៉ុន្តែចាប់តាំងពីការបោះឆ្នោត និងការចូលកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញចំណុចមួយ ក្នុងការពិពណ៌នាប្រធានាធិបតីអាមេរិករូបនេះថា ជាមនុស្សឆ្លាត និងមានហេតុផល ហើយបាននិយាយថា លោកចង់ជួបលោក ត្រាំ ក្នុងពេលឆាប់ៗនេះ។
នៅក្នុងការអត្ថាធិប្បាយនៅលើគេហទំព័ររបស់ក្រសួងការបរទេស លោក Ryabkov បាននិយាយថា វិមានក្រឹមឡាំង បានស្វែងរកដៃគូ ជាមួយលោកខាងលិចជាយូរមកហើយ «ប៉ុន្តែ តាមទ្រឹស្តី គ្មាននរណាម្នាក់ ស្តាប់ ឬ ចង់ស្តាប់នោះទេ»។
លោកបានបន្តថា៖«នោះហើយ គឺដោយសារគោលបំណងដ៏សំខាន់ គឺធ្វើឲ្យគូប្រជែងភូមិសាស្ត្រនយោបាយ ចុះខ្សោយដល់កម្រិតអតិបរមា»។