ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិរិ៍ (ទី៦ ខែកុម្ភៈ) ខណៈដែលប្រទេសទាំង២ មានគោលបំណងលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ចំពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជាសកល។
គួរបញ្ជាក់ថា លោកស្រី ផែថងថាន កំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំង គិតចាប់តាំងពីចូលកាន់តំណែងក្នុងខែសីហា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ កើតមានឡើងស្របនឹងខួបលើកទី៥០ នៃទំនាក់ទំនងការទូតចិន និងថៃ ដែលបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយបញ្ហាមួយចំនួន ដូចជាកង្វល់ពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសុវត្ថិភាព។
ជាក់ស្ដែង ករណីដ៏ល្បីល្បាញដែលបានបង្កឲ្យមានការពិភាក្សាយ៉ាងក្តៅគគុក នៅក្នុងប្រទេសចិន អំពីការឆបោកតាមទូរគមនាគមន៍ឆ្លងព្រំដែននោះ គឺករណីរបស់តារាសម្តែងចិន លោក Wang Xing ដែលបានធ្វើដំណើរទៅប្រទេសថៃ សម្រាប់អ្វីដែលលោកគិតថា ជាការងារសម្តែងភាពយន្តនោះ ប៉ុន្តែត្រូវបានចាប់ពង្រត់ ហើយក្រោយមកត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោក នៅសហភាពមីយ៉ាន់ម៉ា ។
ប្រទេសថៃដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន បានស្វែងរកការបន្ធូរបន្ថយការព្រួយបារម្ភ អំពីសុវត្ថិភាព ក្នុងចំណោមជនជាតិចិន ដែលជាក្រុមភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ជាមួយគ្នានេះ កិច្ចពិភាក្សា រវាងលោក ស៊ី និងលោកស្រី Paetongtarn ក៏កើតមានឡើងផងដែរក្នុងពេលដែលទីក្រុងប៉េកាំង កំពុងទប់ទល់ដោះស្រាយសង្រ្គាមពាណិជ្ជកម្មថ្មី ជាមួយសហរដ្ឋអាមេរិក ដែលបង្កឡើងដោយការដំឡើងពន្ធ ១០ភាគរយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលគ្រប់យ៉ាងរបស់ចិន៕