រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) បានប្រាប់កម្មវិធី Fox Business ថា គោលបំណងធំនៃសផែនការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺនាំយកផលិតកម្មត្រលប់ចូលមកសហរដ្ឋអាមេរិកវិញ។
លោក Bessent បាននិយាយថា លោក Trump កំពុងអនុវត្តយុទ្ធសាស្រ្តផ្សេងគ្នាជាច្រើនជាមួយនឹងការដំឡើងពន្ធគយខុសៗគ្នា ដោយលោកបានកត់សម្គាល់ថា ការគំរាមដំឡើងពន្ធ នាពេលថ្មីៗនេះ ចំពោះប្រទេសកូឡុំប៊ី ម៉ិកស៊ិក និងកាណាដា គឺមានគោលបំណងធានាឲ្យបាននូវការចេញវិធានការពីរដ្ឋាភិបាលទាំងនោះ ជុំវិញបញ្ហានានា ដែលមិនមែនជាពាណិជ្ជកម្ម ដូចជាបញ្ហាអន្តោប្រវេសន៍ជាដើម។
លោកបានបញ្ជាក់បន្ថែមថា ចំណាត់ការទាំងនោះ មិនមានគោលបំណងបង្កើនប្រាក់ចំណូលនោះទេ ប៉ុន្តែធ្វើឲ្យមានការផ្លាស់ប្តូរ ក្នុងបណ្ដាប្រទេសដែលត្រូវបានកំណត់ជាគោលដៅ។
តែទោះជាយ៉ាងណាក្ដី សរុបមក លោកបាននិយាយថា ការដំឡើងពន្ធ គឺផ្តោតលើការជួយបង្កើតផលិតកម្មឡើងវិញ នៅសហរដ្ឋអាមេរិក ក្នុងវិស័យសំខាន់ៗ ដែលគួរតែជួយលើកកម្ពស់ប្រាក់ចំណូលសាជីវកម្ម និងចុងក្រោយ នាំឲ្យធ្លាក់ចុះប្រាក់ចំណូលពន្ធគយ។
លោក Bessent បាននិយាយថា៖ «ពន្ធ គឺជាមធ្យោបាយចុងក្រោយ ហើយខ្ញុំគិតថា មធ្យោយបាយចុងក្រោយនេះ គឺការនាំយកមូលដ្ឋានផលិតកម្មត្រលប់មកកាន់សហរដ្ឋអាមេរិកវិញ»៕