ក្រុមអ្នកវិទ្យាសាស្ត្រសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ខែមករាឆ្នាំ២០២៥ គឺជាខែមករាដែលក្តៅបំផុតរបស់ពិភពលោក ក្នុងកំណត់ត្រា ដោយបន្តមានសីតុណ្ហភាពជាសកលក្ដៅខ្លាំង បើទោះបីជាមានការប្រែប្រួលឆ្ពោះទៅរកលំនាំអាកាសធាតុ La Nina ដ៏ត្រជាក់ក៏ដោយ។
ទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រប្រចាំខែថា ខែមករា បានបន្តបន្លាយរយៈពេលក្ដៅខុសពីធម្មតា ដែល ១៨ខែ ក្នុងចំណោម ១៩ខែចុងក្រោយ បានឃើញសកលលោកជួបប្រទះសីតុណ្ហភាពជាមធ្យមលើសពី ១,៥អង្សារសេ ពោលគឺលើសពីសម័យមុនឧស្សាហកម្ម។
កម្ដៅក្ដៅខ្លាំងនោះ បានកើតមាន ទោះបីជាពិភពលោកបានផ្លាស់ប្តូរពីគំរូអាកាសធាតុក្ដៅ El Nino ដែលជួយធ្វើឲ្យឆ្នាំ២០២៤ ក្លាយជាឆ្នាំក្តៅបំផុតរបស់ពិភពលោកក្នុងកំណត់ត្រា ឆ្ពោះទៅរកបាតុភូត La Nina ដ៏ត្រជាក់ក៏ដោយ។
អ្នកដឹកនាំយុទ្ធសាស្ត្រ នៅមជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការព្យាករណ៍អាកាសធាតុកម្រិតមធ្យម ដែលដំណើរការទីភា្នក់ងារ C3S គឺលោកស្រីបណ្ឌិត Samantha Burgess បាននិយាយថា៖ «ការណ៍ដែលយើងនៅតែឃើញសីតុណ្ហភាពក្ដៅខ្លាំងជាកំណត់ត្រា ដោយមិនមានឥទ្ធិពលពីគំរូអាកាសធាតុ El Nino គឺជារឿងគួរឲ្យភ្ញាក់ផ្អើលបន្តិច»។
លោកស្រីបណ្ឌិត Burgess បានកត់សម្គាល់ថា El Nino បានឡើងដល់កម្រិតខ្ពស់បំផុតជាង ១ឆ្នាំមុន។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោក ក្នុងខែមករា គឺ ១,៧៥អង្សាសេ ពោលគឺខ្ពស់ជាងកាលពីសម័យមុនឧស្សាហកម្ម៕


