នគរបាលកាណាដា កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត និង ១៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន អំឡុងពេលពួកគេព្យាយាមចូលប្រទេសកាណាដាពីសហរដ្ឋអាមេរិក ក្នុងឧប្បត្តិហេតុចំនួន ៣លើក នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនេះបានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងធានាសុវត្ថិភាពតាមព្រំដែន ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទាមទារឲ្យមានការបង្ក្រាប។
អំឡុងពេលថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ ស្នងការនគរបាលរងភូមិន្ទកាណាដា លោកស្រី Lisa Moreland បានប្រាប់ថា ប្រជាជន មានសញ្ជាតិផ្សេងៗគ្នា និងមិនបានត្រៀមខ្លួន សម្រាប់រដូវរងាដ៏សែនត្រជាក់របស់កាណាដា ហើយថា មិនបានរកឃើញមានសារធាតុហ្វង់តានីល ពេលឆែកឆេរ។ ព័ត៌មានលម្អិតរបស់អ្នកទាំងនោះ មិនត្រូវបានបញ្ចេញឲ្យដឹងឡើយ ដោយសារតែច្បាប់ឯកជនភាព។
គួរបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump បានផ្អាកកាលពីថ្ងៃចន្ទដើមសប្ដាហ៍ ចំពោះការគំរាមកំហែងដំឡើងពន្ធយ៉ាងធ្ងន់ធ្ងរ ទាំងលើប្រទេសកាណាដា និងម៉ិកស៊ិក៕



