លោក Thorsten Polleit អតីតសេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Degussa ជាក្រុមហ៊ុនជួញដូរលោហៈដ៏មានតម្លៃធំបំផុតរបស់អឺរ៉ុប និងជាសាស្រ្តាចារ្យកិត្តិយសផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bayreuth បានប្រាប់សារព័ត៌មាន TASSថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងទទួលបានកម្លាំងរុញច្រានថ្មី ក្នុងរយៈពេលខ្លី ហើយនឹងចំំណេញច្រើនជាងការខាតបង់ ពីគោលនយោបាយដំឡើងពន្ធ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)
អ្នកជំនាញរូបនេះ បាននិយាយថា៖«នេះប្រហែលជាគំនិតដ៏ល្អមួយសម្រាប់ជនជាតិអាមេរិក ក្នុងការជំនួសពន្ធលើប្រាក់ចំណូល ជាមួយនឹងការដំឡើងពន្ធនាំចូល ដូចដែលលោក ត្រាំ បានស្នើឡើង។ ពួកគេនឹងចំណេញច្រើនជាង ដែលពួកគេបាត់បង់ យ៉ាងហោចណាស់ក្នុងរយៈពេលខ្លីដែរ»។
តាមគំនិតរបស់លោក ផលប៉ះពាល់នៃគោលនយោបាយបែបនេះ នឹងមានឥទ្ធិពលវិជ្ជមាន ទៅលើសេដ្ឋកិច្ចអាមេរិក។ ជាពិសេស ការកើនឡើងនៃតម្លៃទំនិញនាំចូល នឹងធ្វើឲ្យទំនិញអាមេរិកកាន់តែប្រកួតប្រជែងតម្លៃ ហើយក្រុមហ៊ុនផលិតបរទេស អាចនឹងសម្រេចចិត្តផ្លាស់ប្តូរផលិតកម្មរបស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិក ដែលនឹងរួមចំណែកដល់កំណើនការងារ នៅក្នុងប្រទេសនេះ។ សេដ្ឋវិទូរូបនេះ បានបន្ថែមថា ក្នុងន័យនេះ ចេតនារបស់រដ្ឋបាលរបស់ លោក ត្រាំ ក្នុងការធានាពន្ធសាជីវកម្មទាបបំផុត ក្នុងពិភពលោក គឺពិតជាមានសារៈសំខាន់ណាស់។
លោក Polleit បាននិយាយសង្ខេបថា៖«ការដំឡើងពន្ធនេះ បង្កើនអំណាចទិញរបស់ជនជាតិអាមេរិក និងផ្តល់ឲ្យសេដ្ឋកិច្ច នូវកម្លាំងជំរុញថ្មីមួយ»។