នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានរៀបចំពិធីស្វាគមន៍សម្រាប់ព្រះចៅស៊ុលតង់ប៊្រុយណេ Hassanal Bolkiah នៅមហាសាលប្រជាជន ស្ថិតក្នុងទីក្រុងប៉េកាំង ។
អំឡុងជំនួបទ្វេភាគី លោក Xi បាននិយាយពីទំនាក់ទំនងនយោបាយដ៏ស៊ីជម្រៅ និងការបង្កើតសហគមន៍ចិន-ប្រ៊ុយណេ ។
លោកនិយាយថា ការបង្កើតសហគមន៍ចិន-ប្រ៊ុយណេ ស្របតាមនិន្នាការទូលំទូលាយនាសម័យកាល បម្រើផលប្រយោជន៍គ្រឹះរបស់ប្រទេសទាំង ២ និងប្រជាជន ហើយនិងបើកជំពូកថ្មីនៅក្នុងទំនាក់ទំនងចិន-ប្រ៊ុយណេ ។
លោក Xiបន្តថា លោកសង្ឃឹមថា ភាគីទាំង ២នឹងចាប់យកឱកាស ដើម្បីបង្កើតសន្ទុះរបស់ពួកយើង សម្របសម្រួលដំណាក់កាលបន្ទាប់នៃទំនាក់ទំនងទ្វេភាគីរបស់ពួកយើង ហើយនៅតែជាប្រទេសជិតខាងល្អឆ្លងកាត់សមុទ្រ ជាមិត្តល្អដែលពឹងពាក់គ្នាទៅវិញទៅមក និងជាដៃគូល្អក្នុងការអភិវឌ្ឍចែករំលែក ។

ដោយឡែក ព្រះចៅស៊ុលតង់ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ប្រ៊ុយណេចំពោះគោលនយោបាយចិនតែមួយ និងអបអរសាទរលោក Xi លើការជួយឲ្យមនុស្សរាប់លាននាក់ រួចផុតពីភាពក្រីក្រ តាមរយៈការដឹកនាំគោលនយោបាយរបស់លោក ។
កិច្ចព្រមព្រៀងទ្វេភាគី ត្រូវបានចុះហត្ថលេខាផងដែរលើវិស័យពាណិជ្ជកម្ម គម្រោងខ្សែក្រវាត់មួយ-ផ្លូវមួយ និងការអភិវឌ្ឍសេដ្ឋកិច្ច ៕


