ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើសមយុទ្ធនៃការប្រើបច្ចេកទេសលាក់មីស៊ីលបាលីស្ទិកអន្តរទ្វីប Yars នៅក្នុងតំបន់ Volga របស់ខ្លួន។
ក្រសួងបានផ្សព្វផ្សាយវីដេអូនៃជើងទម្របាញ់មីស៊ីល Yars ដែលកំពុងត្រូវបានចល័តកាត់ព្រៃព្រិលដ៏ក្រាស់ឃ្មឹក។ Yars គឺជាមីស៊ីលនុយក្លេអែរ ដែលអាចចល័តបានតាមរថយន្ត ឬដាក់ពង្រាយក្នុងរណ្ដៅ។ រុស្ស៊ីបានធ្វើសមយុទ្ធស្រដៀងគ្នានេះ កាលពីឆ្នាំមុន ជាការព្រមានពីការប្រើអាវុធនុយក្លេអ៊ែរដល់លោកខាងលិច នៅពេលដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ ជុំវិញសង្រ្គាម នៅអ៊ុយក្រែន។
ក្រសួងបានបន្ថែមថា មីស៊ីលទាំងនេះកំពុងត្រូវបានដាក់ពង្រាយនៅលើ «ផ្លូវល្បាតប្រយុទ្ធ» ក្រោមការលាក់ទុកដោយក្លែងបន្លំ ដោយកំពុងត្រូវបានចល័តទៅកាន់ទីវាល ក្នុងចម្ងាយរហូតដល់ទៅ ១០០គីឡូម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ទៀតថា កងទ័ពកំពុងធ្វើសមយុទ្ធការពារ ដើម្បីប្រឆាំងនឹងក្រុមបំផ្លិចបំផ្លាញ និងការល្បាតចារកម្មរបស់សត្រូវ៕