រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ដែលថា អេស្ប៉ាញ គួរតែទទួលយកជនជាតិប៉ាឡេស្ទីន ដែលបានផ្លាស់ទីលំនៅ ចេញពីតំបន់ហ្កាហ្សា។
លោក Albares បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុអេស្ប៉ាញ RNE ថា៖«ទឹកដីរបស់ ប្រជាជនហ្កាហ្សា គឺតំបន់ហ្កាហ្សា ហើយតំបន់នេះ ត្រូវតែជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីន នាពេលអនាគត»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Katz បានបញ្ជាឲ្យកងទ័ព ដើម្បីរៀបចំផែនការមួយ ដើម្បីអនុញ្ញាតឲ្យ «អ្នកស្រុកចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដោយស្ម័គ្រចិត្ត។
ការណែនាំនេះ បានកើតឡើង បន្ទាប់ពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ថា សហរដ្ឋអាមេរិក គ្រោងនឹងកាន់កាប់តំបន់ហ្កាហ្សា រៀបចំការតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ និងប្រែក្លាយទឹកដីនេះ ទៅជា តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅមជ្ឈិមបូព៌ា (Riviera of Middle East)។
លោក Katz បានបន្ថែមថា ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវែស ដែលកាលពីឆ្នាំមុន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន «មានកាតព្វកិច្ចស្របច្បាប់ ក្នុងការអនុញ្ញាតឲ្យប្រជាជនហ្កាហ្សា ចូលទៅក្នុងទឹកដីរបស់ពួកគេ»។