អាជ្ញាធរព្រែកជីកប៉ាណាម៉ា (Panama Canal Authority) កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) បានបដិសេធការអះអាងរបស់ក្រសួងការបរទេសអាមេរិក ដែលថា នាវារដ្ឋាភិបាលអាមេរិក នឹងអាចឆ្លងកាត់ព្រែកជីកនេះ ដោយមិនចាំបាច់បង់ថ្លៃសេវា ដោយការច្រានចោលនេះទំនងជាបង្កើនឲ្យមានភាពតានតឹងខ្លាំងឡើងៗ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump គំរាមយកផ្លូវឆ្លងកាត់នេះមកគ្រប់គ្រងវិញ។
អាជ្ញាធរព្រែកជីក ជាទីភ្នាក់ងារស្វយ័តដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាណាម៉ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានធ្វើការកែប្រែណាមួយ ជុំវិញការបង់ថ្លៃ ឬសិទ្ធិ ក្នុងការឆ្លងកាត់ព្រែកជីកនេះនោះទេ ដោយបន្ថែមថា សេចក្តីថ្លែងការណ៍របស់ខ្លួន គឺឆ្លើយតបដោយផ្ទាល់ទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនោះ ក្រសួងការបរទេសអាមេរិក បានប្រាប់ថា រដ្ឋាភិបាលរបស់ប៉ាណាម៉ា បានយល់ព្រមលែងគិតថ្លៃឆ្លងកាត់ទៀតហើយ សម្រាប់នាវារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាការសម្រេចមួយមួយដែលនឹងជួយឲ្យសហរដ្ឋអាមេរិកសន្សំប្រាក់បានរាប់លានដុល្លារ ក្នុងមួយឆ្នាំ។
តែអាជ្ញាធរព្រែកជីក បានឆ្លើយតបថា៖ «ដោយមានទំនួលខុសត្រូវទាំងស្រុង អាជ្ញាធរព្រែកជីកប៉ាណាម៉ា ដូចដែលបានបង្ហាញ មានឆន្ទៈក្នុងការបង្កើតការសន្ទនាជាមួយមន្ត្រីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការឆ្លងកាត់នៃនាវាសម័យសង្គ្រាមពីប្រទេសដែលបានលើកឡើងនោះ»។
ព្រែកជីកប៉ាណាម៉ា បានក្លាយជាចំណុចចាប់អារម្មណ៍ដ៏សំខាន់របស់រដ្ឋបាលលោក Trump ខណៈដែលប្រធានាធិបតីអាមេរិក បានចោទប្រកាន់ប្រទេសនៅអាមេរិកកណ្តាលមួយនេះថា យកតម្លៃថ្លៃជ្រុល ដើម្បីបានឆ្លងកាត់ផ្លូវពាណិជ្ជកម្មរបស់ខ្លួន ដែលជាផ្លូវមួយ ក្នុងចំណោមផ្លូវដ៏មមាញឹកបំផុតក្នុងពិភពលោក៕