សេតវិមានបាននិយាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Donald Trump ពុំបានតាំងចិត្តដាក់ទាហានសហរដ្ឋអាមេរិកឲ្យឈរជើងនៅតំបន់ហ្កាហ្សានោះទេ ដែលជាផ្នែកមួយនៃសំណើរបស់លោកសម្រាប់ការគ្រប់គ្រងដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karoline Leavitt និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីមានជំនឿថា សហរដ្ឋអាមេរិកត្រូវការជាប់ពាក់ព័ន្ធក្នុងការកសាងតំបន់ហ្កាហ្សាឡើងវិញ ដើម្បីធានាដល់ស្ថិរភាពនៅក្នុងតំបន់ ។
អ្នកស្រីបន្តថា វាមិនមែនមានន័យថា ទាហានអាមេរិកត្រូវដាក់ពង្រាយក្រៅប្រទេសនៅតំបន់ហ្កាហ្សានោះឡើយ ។
អ្នកស្រី Karoline បញ្ជាក់ទៀតថា លោកប្រធានាធិបតីបាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងមិនចំណាយសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញនោះទេ ។
អ្នកស្រីថា រដ្ឋបាលរបស់លោក Trump នឹងធ្វើការជាមួយដៃគូរបស់ពួកយើងនៅក្នុងតំបន់ ដើម្បីកសាងតំបន់មួយនេះឡើងវិញ ។ នោះហើយគឺជាហេតុផលដែលពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសរូបលោក ហើយគោលដៅរបស់លោក គឺចង់ឲ្យមានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ ៕