កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាជួយបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួននៅតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងគីវ បើកការវាយប្រហារកាលពីឆ្នាំមុន ។
ដូចដែលបានបញ្ជាក់អំឡុងជំនួបរបស់លោក Putinជាមួយអភិបាលចាំផ្ទះតំបន់ Kursk លោក Alexander Khinshtein ប្រាក់ដែលត្រូវបានផ្តល់ជូនពលរដ្ឋ ១១២.០០០នាក់ ជាសំណងសម្រាប់ការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេនោះ គឺមិនគ្រប់គ្រាន់នោះទេ ។ លោក Putinនិយាយថា លោកនឹងបញ្ជាឲ្យរដ្ឋាភិបាលធ្វើការលើជំនួយបន្ថែមទៀត ។
ទាហានអ៊ុយក្រែននៅបន្តគ្រប់គ្រងតំបន់មួយផ្នែកនៃតំបន់ Kursk ក្រោយការវាយប្រហារឆ្លងកាត់ព្រំដែនដ៏គួរភ្ញាក់ផ្អើលរបស់ពួកគេ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ។
លោក Putinបាននិយាយអំឡុងសន្និសីទប្រចាំឆ្នាំកាលពីខែធ្នូថា ពួកគេនឹងត្រូវបណ្តេញចេញទៅវិញ ប៉ុន្តែលោកបដិសេធន៍មិនកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ការរុញច្រានមួយនេះឡើយ ៕