ប្រធានទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ(UN) បានអំពាវនាវដល់ម្ចាស់ជំនួយទាំងអស់ បន្តការចំណាយតាមការគ្រោងទុករបស់ពួកគេ ក្រោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្អាកការផ្តល់វិភាគទានប្រាក់រាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃការបង្កកជំនួយក្រៅប្រទេសរបស់ពួកគេ ។
លោក Filippo Grandi គឺជាឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) និយាយថា លោកបានស្នើសុំដល់រដ្ឋសមាជិកសហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតឲ្យមាននិតិវិធីជំនួយអាចបត់បែនបាន ដើម្បីពន្លឿនការចែកចាយរបស់ពួកគេ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារការបង្កកជំនួយរបស់សហរដ្ឋអាមេរិក ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធថា ម្យ៉ាងវិញទៀត ពួកយើងប្រឈមវិបត្តិលំហូរសាច់ប្រាក់ដែលពួកយើងមិនអាចលៃលក់ដោះស្រាយបាន ។ ពួកយើងត្រូវដោះស្រាយស្ថានភាពសង្រ្គោះអាយុជីវិតមនុស្ស ជាទីដែលពួកយើងមិនអាចបង្អាក់ជំនួយយូរពេកបានឡើយ ។
គួរឲ្យដឹងថា មិនយូរប៉ុន្មានក្រោយឡើងកាន់អំណាចកាលពីថ្ងៃទី ២០ ខែមករា លោក Trumpបានបញ្ជាឲ្យពិនិត្យមើលឡើងវិញស្ទើតែទាំងអស់ជំនួយក្រៅប្រទេសរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាវាស្របតាមគោលនយោបាយគិតពលរដ្ឋអាមេរិកជាធំរបស់លោក ។
ក្រោយមក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញបញ្ជាបញ្ឈប់ការងារសម្រាប់ជំនួយមានស្រាប់ទាំងអស់ និងផ្អាកជំនួយថ្មី ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ទីភ្នាក់ងារជនភៀសខ្លួន UNHCR ដែលបានជួយដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក រត់ភៀសខ្លួនចេញពីជម្លោះ និងការបៀតបៀន ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានបរិច្ចាគថវិកាជាង ២ពាន់លានដុល្លារដល់ UNHCR ដែលស្មើនឹងប្រហែល ៤០ភាគរយនៃជំនួយសរុបដែលទីភ្នាក់ងារមួយនេះទទួលបាន ៕