នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រថយន្តដឹកជំនួយ បានធ្វើដំណើរឆ្លងកាត់សង្កាត់រងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅទីក្រុង Rafah តំបន់ហ្កាហ្សាស្រ្ទីប ។
ក្មេងៗនាំគ្នារង់ចំាយ៉ាងអន្ទះសារ ដើម្បីលោតឡើងលើរថយន្ត ពេលដែលរថយន្តទាំងនោះបើកយឺតៗឆ្លងកាត់គំនរបាក់បែក ទាញបាវជំនួយទម្លាក់ចុះពីលើរថយន្តឲ្យអ្នកដែលកំពុងរង់ចាំនៅក្រោម ។
សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបញ្ជាឲ្យកងទ័ពរៀបចំផែនការអនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់អ្នកស្រុកចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
ការណែនាំបែបនេះ បានកើតមានឡើង បន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា សហរដ្ឋអាមេរិកមានគម្រោងគ្រប់គ្រងតំបន់ហ្កាហ្សា ផ្តល់ទីកន្លែងស្នាក់នៅថ្មីដល់ជនប៉ាឡេស្ទីនដែលរស់នៅទីនោះ និងផ្លាស់ប្តូរដែនដីមួយនេះទៅជា “តំបន់ឆ្នេរមជ្ឈិមបូព៌ា” ៕