នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានច្រានចោលបទបញ្ជារបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលឲ្យកងទ័ពរៀបចំផែនការជម្លៀសខ្លួនពលរដ្ឋហ្កាហ្សា ដោយពួកគេ និយាយថា ពួកគេនឹងមិនចាកចេញពីទឹកដីកំណើតរបស់ពួកគេនោះទេ ។
លោក Qassem Abu Hassoun គឺជាជនប៉ាឡេស្ទីនមួយរូប និយាយពេលដែលលោកឈរលើផ្លូវមានភក់ដោយមានអគារបាក់បែកនៅពីក្រោយខ្នងថា បើទោះបីជាមានសោកនាដកម្មពួកយើងកំពុងរស់នៅ បើទោះបីជាមានភ្លៀងធ្លាក់ និងអាកាសធាតុអាក្រក់បែបណាក្តី ពួកយើងនឹងបន្តរស់នៅក្រោមដំបូលប្រក់មេឃ ពួកយើងត្រូវតែបន្តរស់នៅជាមួយទឹកដីរបស់ពួកគេ ។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល រៀបចំផែនការអនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់អ្នកស្រុកចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
ទូរទស្សន៍ Channel 12 បានដកស្រង់សម្តីរបស់លោក Katz ថា លោកស្វាគមន៍ផែនការដ៏មោះមុតរបស់លោកប្រធានាធិបតី Trump ពលរដ្ឋហ្កាហ្សាគួរតែអនុញ្ញាតទទួលបានសេរីភាពនៃការចាកចេញ និងធ្វើចំណាកស្រុក ដូចជាវិធាននៅជុំវិញពិភពលោក ។
ទូរទស្សន៍ Channel 12 រាយការណ៍ទៀតថា ផែនការរបស់លោក Katz រួមទាំងជម្រើសចាកចេញឆ្លងកាត់តាមដីគោក ក៏ដូចជាការរៀបចំពិសេសសម្រាប់ការចាកចេញតាមផ្លូវសមុទ្រ និងផ្លូវអាកាស ៕