យោងតាមការអះអាងរបស់គ្រូពេទ្យព្យាបាលទាហានរងរបួសអំឡុងពេលប្រយុទ្ធគ្នា បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន អាចពន្យឺតការរុលចូលរបស់កងទ័ពរុស្ស៊ីនៅទីក្រុងភាគខាងកើត Pokrovsk ។
លោក Bohdan គឺជាពេទ្យបឋមរបស់ពលតូចលេខ ១៤នៃកងទ័ពអ៊ុយក្រែន និយាយថា កងទ័ពរុស្ស៊ីជោគជ័យក្នុងការរុលទៅមុខរបស់ពួកគេ ប៉ុន្តែភាពជោគជ័យនោះមានការយឺតយ៉ាវទៅវិញ ដោយសារការទប់ទល់របស់ទាហានរបស់ពួកយើង ។
លោកបន្តថា កងកម្លាំងរុស្ស៊ីនៅតែព្យាយាមទម្លុះខ្សែត្រៀមរបស់ពួកយើងដោយអន្លើរ នៅជិតទីក្រុង Pokrovsk ស្ថិតក្នុងតំបន់ភាគខាងកើត Donetsk របស់អ៊ុយក្រែន ។
ទាហានអ៊ុយក្រែន ទទួលបានការព្យាបាល ក្រោយគ្រូពេទ្យវះកាត់កងពលតូចនិយាយថា ពួកគេរងរបួសដោយសារគ្រាប់បែក គ្រាប់កាំភ្លើង ឬគ្រាប់កាំភ្លើងធំ អំឡុងការវាយប្រហារយានដ្រូនដោយកងកម្លាំងរុស្ស៊ី ។
កងកម្លាំងរុស្ស៊ីព្យាយាមធ្វើឲ្យស្ថានការនៅសមរភូមិមុខកាន់តែពិបាកខ្លាំងបន្តិចម្តងៗនៅជុំវិញទីក្រុង Pokrovsk ដែលខ្សែផ្គត់ផ្គង់ដ៏សំខាន់របស់ទីក្រុងមួយនេះ ស្ថិតក្រោមការគំរាមកំហែងអស់រយៈពេលជិត ៣ឆ្នាំមកហើយ ក្រោយទីក្រុងម៉ូស្គូ វាយលុកប្រទេសជិតខាងខ្លួនមួយនេះ ។
ស្របពេលដែលអ៊ុយក្រែនព្យាយាមការពារទីក្រុង Pokrovsk ការឡោមព័ទ្ធ ឬការដួលរលំរបស់ទីក្រុងមួយនេះ អាចធ្វើឲ្យរុស្ស៊ីឈរនៅទីតាំងខ្លាំង ដើម្បីបង្កើនការវាយប្រហារលើទិសដៅជាច្រើន និងបង្កើនការដាក់សំពាធលើទីក្រុងគីវ ៕