រដ្ឋបាលរបស់លោក Donald Trump បាន និងកំពុងពិចារណាលើផែនការឲ្យមានកំណែទម្រង់ នៅក្នុងអង្គការសុខភាពពិភពលោក (WHO) ក្នុងនោះរួមទាំងការដាក់ឲ្យជនជាតិអាមេរិកជាអ្នកដឹកនាំ ដើម្បីឲ្យខ្លួននៅតែជាសមាជិកនៃទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ។ នេះបើយោងតាមប្រភពចំនួន២ ដែលដឹងពីផែនការនេះ និងឯកសារសំណើដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters។
ឯកសារដែលត្រូវបានចែករំលែកជាមួយទីប្រឹក្សារបស់លោកប្រធានាធិបតី Trump មុនមានពិធីស្បថឡើងកាន់តំណែងរបស់លោក កាលពីថ្ងៃទី២០ ខែមករា បានផ្តល់អនុសាសន៍ថា សហរដ្ឋអាមេរិកត្រូវតែប្រកាសយ៉ាងឆាប់រហ័សពីការដកខ្លួនចេញពី WHO ហើយប្រកាន់យកនូវ «វិធីសាស្រ្តរ៉ាឌីកាល់ថ្មី» ដើម្បីដោះស្រាយជាមួយទីភ្នាក់ងារនេះ ដោយក្នុងនោះរួមទាំងការជំរុញឲ្យមន្ត្រីអាមេរិកធ្វើជាអគ្គនាយកផងដែរ នៅពេលដែលអាណត្តិរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បញ្ចប់នៅឆ្នាំ២០២៧។
ក្រឹត្យរបស់លោក Trump ដែលបញ្ជាឲ្យចាកចេញពី WHO គឺស្ថិតក្នុងចំណោមគោលនយោបាយដំបូងរបស់លោក ក្រោយចូលកាន់តំណែង។ ការសម្រេចនេះនឹងនាំឲ្យទីភ្នាក់ងារសុខភាពពិភពលោកបាត់បង់អ្នកផ្តល់មូលនិធិដ៏ធំបំផុតតែមួយគត់របស់ខ្លួន ត្រឹមខែមករា ឆ្នាំ២០២៦។ ក្រឹត្យនោះចោទប្រកាន់អង្គការនេះថា បានធ្វើការគ្រប់គ្រងខុស ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងត្រូវបានទទួលឥទ្ធិពលមិនត្រឹមត្រូវពីប្រទេសផ្សេងទៀត ជាការចោទប្រកាន់ដែល WHO បដិសេធ។
តែយ៉ាងណាក្ដី ចាប់តាំងពីពេលនោះមក លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិកអាចត្រលប់ចូលរួមវិញ ប្រសិនបើ WHO ត្រូវបាន «កែទម្រង់» ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលខ្លួននឹងត្រូវការឲ្យផ្លាស់ប្ដូរនោះឡើយ៕