ព្រឹទ្ធសភាបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) នេះ បានអនុម័តយល់ព្រមទាំងស្រុង ចំពោះថវិកាជាតិឆ្នាំ២០២៥ ខណៈសំណើនេះកំពុងត្រូវបានបបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសិក្សា។
ប្រសិនបើច្បាប់នេះទទួលបានការអនុម័តពីក្រុមប្រឹក្សានោះ លោកប្រធានាធិបតី Emmanuel Macron អាចចុះហត្ថលេខាឲ្យក្លាយជាច្បាប់ជាធរមាន ដោយបានបញ្ចប់ភាពច្របូកច្របល់ខាងនយោបាយដែលបានធ្វើឲ្យរដ្ឋាភិបាលមួយដួលរំលំ និងទីផ្សាររង្គោះរង្គើ។
ថវិកានេះមានគោលបំណងធ្វើឲ្យឱនភាពធ្លាក់ចុះ ដោយកាត់បន្ថយការចំណាយ និងដំឡើងពន្ធលើអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងសាជីវកម្មនានា។
នាយករដ្ឋមន្ត្រី លោក Francois Bayrou បានប្រើអំណាចពិសេស ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីជំរុញឲ្យសំណើថវិកាទទួលបានការអនុម័ត បន្ទាប់ពីរដ្ឋាភិបាលមុន បានបរាជ័យក្នុងការអនុម័ត នៅឆ្នាំ២០២៤ និងបន្ទាប់ពីចំណាយពេលជជែកដេញដោលយ៉ាងក្ដៅគគុកប៉ុន្មានសប្តាហ៍ជាមួយគណបក្សនយោបាយផ្សេងៗ។
សមាជិកព្រឹទ្ធសភាដែលបាននិយាយនៅចំពោះមុខសភា តាងនាមឲ្យក្រុមសមាជិកសភាដែលបានរៀបចំសេចក្ដីព្រាងថវិកានេះចុងក្រោយ គឺលោក Jean-Francois Husson បាននិយាយថា «មិនត្រូវមានការខ្ជះខ្ជាយពេលវេលាជាលើកទី២ នោះទេ»។
គួរបញ្ជាក់ថា សមាជិកសភាបានអនុម័តច្បាប់ពិសេសមួយ ដើម្បីបន្តរក្សាមុខងារស្នូលរបស់រដ្ឋាភិបាល និងបញ្ចៀសការបិទរដ្ឋាភិបាល តាមបែបអាមេរិក កាលពីខែធ្នូ។ ប៉ុន្តែក្នុងរយៈពេល ២-៣ខែទៀត ពួកគេនឹងត្រូវចាប់ផ្តើមដំណើរការម្តងទៀត សម្រាប់សំណើថវិកាជាតិឆ្នាំ២០២៦៕