
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើទោះបី សេង សារី និយាយខុសការពិតក៏សម្ដេចមិនបញ្ចេញនូវឯកសារឆ្លើយឆ្លងជាមួយសម្ដេចដែរព្រោះ សេង សារី ធ្លាប់ហៅសម្ដេចថាពុករយៈពេល៤ឆ្នាំហើយ។
សម្ដេចតេជោ បានសរសេរថា ខណៈសម្ដេចសរសេរសានេះ គឺសម្ដេចកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ និងទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោក ជុនចន្ទ័បុត្រ ជាមួយលោកសេង សារី។
សម្ដេចតេជោមានប្រសាសន៍ថា៖«ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ ដែល សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយ មួ សុខហួ, អេង ឆៃអៀង និងការសុំជួយបង្កើត គណបក្សផ្ទាល់ផងដែរ។ ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង»។
សម្ដេចតេជោ បន្តថា សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេង និងសារឆ្លងឆ្លើយដែលសម្ដេចកំពុងរក្សាទុក។
សម្ដេចតេជោបន្តថា៖«បើទោះ សេង សារី និយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារីហៅ ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេ និងផ្តល់ឲ្យ សេង សារី នូវថវិកា ១ ម៉ឺនដុល្លារក្នុងមួយខែរយៈពេល ១២ខែស្មើ១២ម៉ឺនដុល្លារនេះមិនទាន់គិតពីថវិកាដែល សេង សារី ស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស»។
សម្ដេចតេជោបន្តថា៖«សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថា រកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។ បទសម្ភាសរបស់កូន គឺវាយទម្លាក់តម្លៃខ្លួនឯងទេ»។
សម្ដេចតេជោ ប្រាប់ចុងក្រោយទៅ សេង សារី ថា សេង សារី អាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯង និងកុំភូត ឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕