លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកុម្ភៈសប្ដាហ៍នេះ ថាអ៊ីស្រាអែលនឹងប្រគល់តំបន់ហ្កាហ្សាទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ហើយប្រជាជនក្នុងដែនដីរងការឡោមព័ទ្ធមួយនេះ ត្រូវតាំងទីលំនៅថ្មីនៅកន្លែងផ្សេងទៀត ហើយមានន័យថា មិនចាំបាច់មានកងទ័ពអាមេរិកនៅលើទឹកដីនោះទេ។

មួយថ្ងៃបន្ទាប់ពីការថ្កោលទោសទូទាំងពិភពលោកចំពោះការប្រកាសរបស់លោក Trump ដែលថាលោកមានបំណងកាន់កាប់និងអភិវឌ្ឍតំបន់ហ្កាហ្សាទៅជាតំបន់លំនៅឋានលំហែកាយឆ្នេរសមុទ្រមជ្ឈិមបូព៌ា អ៊ីស្រាអែល បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនរៀបចំដើម្បីអនុញ្ញាតឱ្យមានការចាកចេញដោយស្ម័គ្រចិត្តពីតំបន់ហ្កាហ្សាប៉ាឡេស្ទីន។

លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ បាននិយាយថាតំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវប្រគល់ឱ្យសហរដ្ឋអាមេរិកដោយអ៊ីស្រាអែលនៅពេលបញ្ចប់ការប្រយុទ្ធ។
ប្រជាជនប៉ាឡេស្ទីន នឹងត្រូវបានតាំងទីលំនៅថ្មី នៅក្នុងសហគមន៍ដែលមានសុវត្ថិភាព និងស្រស់ស្អាតជាងមុន ជាមួយនឹងផ្ទះថ្មីហើយទំនើបនៅក្នុងតំបន់នេះ។ លោកបានបន្ថែមថា គ្មានភាពចាំបាច់ក្នុងការដាក់ពង្រាយទាហានអាមេរិកឡើយ។
អំឡុងទស្សនកិច្ចនិងជួបពិភាក្សាជាមួយលោក Trump លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ក៏បានបង្ហាញការគាំទ្រ និងលើកសរសើរចំពោះផែនការគ្រប់គ្រងដែនដីហ្កាហ្សារបស់លោក Trumpដែរ ៕