ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ ៣នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទំលាក់យោង ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូលទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) ឬទំលាក់យោង កើតហេតុនៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោក ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ចំណែកម្នាក់ទៀតគេចខ្លួន ។
ជនសង្ស័ទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ( គ្មានសារធាតុញៀន) ។ ២.ឈ្មោះ ជី ណាង ហៅម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ( គ្មានសារធាតុញៀន) ។៣.ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ដីថ្មី សង្កាត់គោកឃ្លាងខណ្ឌ សែនសុខ ( គ្មានសារធាតុញៀន) ។ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ គេចខ្លួន ។
ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
អត្ថបទ ៖ តារាវុទ្ធី

