ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ថា ប្រទេសអ៊ីស្រាអ៊ែល បានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា អ៊ីស្រាអែល នឹងធ្វើតាមសហរដ្ឋអាមេរិក ក្នុងការដកការចូលរួមរបស់ខ្លួនចេញពីក្រុមប្រឹក្សានេះ។

អ៊ីស្រាអែល ដែលបានរិះគន់ស្ថាប័នមានមូលដ្ឋាននៅទីក្រុងហ្សឺណែវជាយូរមកហើយ និងបានផ្តាច់ខ្លួននាពេលកន្លងមក ពុំមែនជាសមាជិកក្នុងចំណោមសមាជិកបោះឆ្នោតចំនួន៤៧ប្រទេស របស់ក្រុមប្រឹក្សានោះទេ ហើយតែងតែមិនចូលរួមកិច្ចប្រជុំ។

ចំណាត់ការរបស់អ៊ីស្រាអែល បានធ្វើឲ្យមានការមិនយល់ស្របពីសំណាក់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ខណៈក្រុមប្រឹក្សា ពុំមានអំណាចទាក់ទងនឹងចំណងផ្លូវច្បាប់ ការជជែកដេញដោលរបស់ខ្លួន មានទម្ងន់នយោបាយនិងការពិនិត្យពិច័យ ដែលអាចបង្កើនសម្ពាធជាសកលលើរដ្ឋាភិបាលឱ្យផ្លាស់ប្តូរទិសដៅ។ ពេលខ្លះ ការស៊ើបអង្កេតដែលកំណត់ដោយក្រុមប្រឹក្សា អាចឈានទៅរកដំណើរការផ្លូវច្បាប់សម្រាប់បទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងតុលាការអន្តរជាតិ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Daniel Meron បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជាស្ថាប័នលំអៀងតាំងពីដើមដំបូងមក ដោយរបបផ្តាច់ការ បង្រៀនប្រទេសលទ្ធិប្រជាធិបតេយ្យអំពីសិទ្ធិមនុស្ស»។