ក្រុមឧទ្ទាម បានប្រមូលផ្តុំមនុស្សរាប់រយនាក់នៅក្នុងពហុកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង Goma កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ដោយបង្ហាញអ្នកគ្រប់គ្រងថ្មី ដែលខ្លួនបានតែងតាំងសម្រាប់តំបន់នានាដែលពួកគេដណ្តើមបាន ខណៈប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi ត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលរួមគ្នារបស់មេដឹកនាំអាហ្វ្រិក នៅប្រទេសតង់ហ្សានី ដើម្បីពិភាក្សាអំពីជម្លោះនៅភាគខាងកើត។

កិច្ចប្រជុំកំពូល នឹងចូលរួមដោយលោក Tshisekedi និងប្រធានាធិបតីប្រទេសរ៉្វាន់ដា លោក Paul Kagame ជាអ្នកដែលប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងដៃគូលោកខាងលិចផ្សេងទៀត បានចោទប្រកាន់ថាបានឧបត្ថម្ភអាវុធដល់ក្រុមឧទ្ទាម និងកម្លាំងជើងគោករបស់ក្រុមនេះ។ ប៉ុន្តែប្រទេសរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់នេះ។

ក្រុមឧទ្ទាម បានដណ្តើមកាន់កាប់ទីក្រុង Goma ជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេសកុងហ្គោ កាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ បានដណ្តើមយកទីក្រុងសម្បូររ៉ែមួយផ្សេងទៀត នៅក្នុងខេត្ត South Kivu ក្នុងការរុលឆ្ពោះទៅកាន់ទីរួមខេត្ត Bukavu ដោយបំពានលើគោលការឯកតោភាគីដែលខ្លួនបានប្រកាស។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា របាយការណ៍នៃការរុលទៅមុខរបស់ក្រុមឧទ្ទាមឆ្ពោះទៅទីក្រុង Buvaku កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានការភ័យខ្លាចនៅក្នុងទីប្រជុំជន និងភូមិជាច្រើន។