ទូរទស្សន៍រដ្ឋ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយថា វាងាយស្រួលទេដើម្បីពិនិត្យឡើងវិញ ថាអ៊ីរ៉ង់មិនផលិតអាវុធអាតូមិក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ឱ្យមានការពិនិត្យឡើងវិញកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ជាមួយទីក្រុង តេអេរ៉ង់។

លោក Pezeshkian បាននិយាយនៅក្នុងកិច្ចប្រជុំផ្សាយតាមទូរទស្សន៍ ជាមួយឯកអគ្គរដ្ឋទូតបរទេសនៅក្នុងទីក្រុងតេអេរ៉ង់ ថា អ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរទេ ខណៈការសម្លាប់រង្គាលមនុស្សស្លូតត្រង់ ត្រូវបានហាមឃាត់នៅក្នុងគោលការណ៍របស់សាធារណរដ្ឋអ៊ីស្លាម។

លោក Trump បាននិយាយថា លោកចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ត្រូវបានពិនិត្យឡើងវិញជាមួយប្រទេសអ៊ីរ៉ង់។
ក្នុងអំឡុងពេលអាណត្តិមុនរបស់លោក នៅក្នុងឆ្នាំ២០១៨ លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ជាមួយប្រទេសមហាអំណាច និងបានដាក់ទណ្ឌកម្មឡើងវិញ ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ជាប់គាំង។
វិធានការដ៏តឹងរ៉ឹង បានជំរុញឱ្យទីក្រុងតេអេរ៉ង់ បំពានលើការកំណត់នុយក្លេអ៊ែររបស់កតិកាសញ្ញានេះ។
ការអត្ថាធិប្បាយរបស់លោក Pezeshkian ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ីរ៉ង់ត្រៀមជាស្រេច ដើម្បីផ្តល់ឱកាសដល់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះ។