កែប៖ សាលាគោលដៅចំនួន៣ត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំចែកសម្ភារៈសិក្សាជូនកុមារា កុមារី ចំនួន៤៨៨នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៧២ ទិវាកុមារ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះមានសាលាបឋមសិក្សា សាលាបឋមសិក្សា ហ៊ុន សែន ភ្នំលាវ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង។
លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយ ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គឺដើម្បីរំលឹកដល់ការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសនោះ ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស គ្រឹះស្ថាននានា វិស័យនេសាទសមុទ្រ និងស្រែអំបិលជាដើម។
ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់ មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើង ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតបានកាប់សម្លាប់ប្រជាជនកុមារ រាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់។
បច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិឡើងវិញធ្វើឲ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋាន ទំាងបួនរបស់កុមារ ដែលមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។
ឯកឧត្តម បានបន្តទៀតថា កន្លងមកមានការរីករាលដាលនៃជំងឺកូវីដ១៩ ពេញពិភពលោក ដែលធ្វើឲ្យការសិក្សារបស់កុមារទាំងអស់ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ទោះយ៉ាងនេះក្តីការសិក្សាតាមប្រព័ន្ធអនឡាញកុមារមិនអាចទទួលបាននៅចំណេះដឹងពេញលេញនោះទេ។ តែនៅចុងឆ្នាំ២០២១នេះ សាលារៀនអាចដំណើរការឡើងវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់នេះ គឺបង្ហាញអំពើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកុមារនៅកម្ពុជា ព្រោះកុមារជាគឺជាទំពាំងល្អដែលកំពុងពេញក្រេបយកនៅជីវជាតិ ហេតុដូច្នេះ យើងត្រូវតែនាំគ្នាជំនៈតស៊ូរាល់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីជំរុញកុមារអោយក្លាយទៅជាឬស្សីល្អ៕



