យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជិត៣.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីពួកឧទ្ទាមដណ្ដើមកាន់កាប់ ក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃជាមួយកងទ័ពកុងហ្គោ។

លោកស្រី Vivian van de Perre អនុប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅកុងហ្គោ បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថារហូតមកដល់ពេលនេះសាកសពចំនួន២.០០០នាក់ត្រូវបានប្រមូលពីផ្លូវនានាក្នុងទីក្រុង Goma ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយសាកសពចំនួន៩០០នាក់ នៅតែស្ថិតនៅក្នុងសាលតម្កល់សពរបស់មន្ទីរពេទ្យ Goma ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការផ្ដល់ព័ត៌មានតាមវីដេអូពីទីក្រុង ដែលមានប្រជាជនប្រហែល ២ លាននាក់នេះថា យើងរំពឹងថាចំនួននេះនឹងកើនឡើង ព្រោះនៅមានសាកសពរលួយជាច្រើននៅតំបន់មួយចំនួន។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាប្រទេសដែលមានប្រជាជនច្រើនជាង ១០០លាននាក់ បានឆ្លងកាត់អំពើហិង្សាជាច្រើនទសវត្សរ៍ដែលបង្កឡើងដោយភាពតានតឹងជនជាតិភាគតិច និងការប្រយុទ្ធគ្នាដណ្ដើមធនធានដី និងរ៉ែ ដែលបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក៕