មន្ត្រីនគរបាលកេនយ៉ាជាង១០០នាក់ បានទៅដល់រដ្ឋធានីប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ដើម្បីពង្រឹងបេសកកម្មសន្តិសុខដែលអនាគតរបស់ខ្លួនស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយសហរដ្ឋអាមេរិក បានបង្កកកញ្ចប់ថវិកាមួយចំនួន មុនពេលអនុញ្ញាតឲ្យបញ្ចូនមូលនិធិដាច់ដោយឡែកមួយផ្សេងទៀត។

មន្ត្រីកេនយ៉ាចំនួន ១៤៤នាក់ បានទៅដល់ទីក្រុង ព័រ អូប្រាំង កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានាធិបតីកេនយ៉ា លោក William Ruto បាននិយាយថា លោកបានសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio អំពីបេសកកម្មនេះ។

បេសកកម្មនេះ កំពុងត្រូវបានដឹកនាំដោយប្រទេសកេនយ៉ា ដែលបានដាក់ពង្រាយនគរបាលជិត៤០០ នាក់ កាលពីពាក់កណ្តាលឆ្នាំមុន ជាចំនួនតិចជាង១.០០០នាក់ដែលខ្លួនបានសន្យា។
ក្រោយមក នគរបាល ត្រូវបានចូលរួមដោយបុគ្គលិកជនជាតិហ្សាម៉ាអ៊ីក ព្រមទាំងមន្ត្រីមកពីប្រទេសបេលីហ្ស និងប្រទេស អែល សាវ៉ាឌ័រ។
ទោះជាយ៉ាងណា បេសកកម្មនេះបានបរាជ័យក្នុងការទប់ស្កាត់ក្រុមជនអន្ធពាលពីការដណ្តើមយកដែនដីថ្មីៗ និងធ្វើការសម្លាប់រង្គាលជាច្រើន ខណៈអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែចុងក្រោយនៃឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។