រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz និយាយថា លោកបានណែនាំយោធារបស់ប្រទេស ឱ្យរៀបចំផែនការ ដែលនឹងផលលទ្ធភាពដល់ពលរដ្ឋនៅតំបន់ហ្កាហ្សា ចាកចេញពីទឹកដីនេះ ដោយស្ម័គ្រចិត្ត។ លោក Katz បាននិយាយដូច្នេះកាលពីថ្ងៃព្រហស្បតិ៍។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលមុនថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់តំបន់ហ៊ុមព័ទ្ធមួយនេះ។ ការចាកចេញពីតំបន់ហ្កាហ្សាដោយពលរដ្ឋរស់នៅក្នុងទឹកដី ត្រូវបានកំណត់យ៉ាងតឹងរ៉ឹង។ ប៉ុន្តែ លោក Katz បាននិយាយថា ផែនការនេះ នឹងអាចឲ្យពលរដ្ឋធ្វើដំណើរចាកចេញតាមសមុទ្រ ផ្លូវអាកាស ឬតាមផ្លូវគោក។
អ្នកនយោបាយស្តាំនិយមរបស់អ៊ីស្រាអែល បានស្វាគមន៍ចំពោះចំណាត់ការនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលនោះ ដោយលោកបាននិយាយថា «គ្មានដំណោះស្រាយជាក់ស្តែងផ្សេងទៀតដែលនឹងធានាបានសន្តិភាព និងសន្តិសុខសម្រាប់អ៊ីស្រាអែល និងសុខុមាលភាពផ្ទាល់ខ្លួនសម្រាប់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា ឡើយ»។
ក្រុមហាម៉ាសអ៊ីស្លាមនិយម បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា ប្រជាជនប៉ាឡេស្ទីននឹងមិនអនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេបណ្តេញចេញពីទឹកដីរបស់ខ្លួននោះទេ។
ក្រសួងការបរទេសរបស់ប្រទេសអេហ្ស៊ីប ដែលមានព្រំប្រទល់ជាប់តំបន់ហ្កាហ្សា បានរិះគន់«ផែនការដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីន ពីស្រុកកំណើតរបស់ពួកគេ» ដោយបាននិយាយថា ផែនការនេះធ្វើឱ្យអន្តរាយដល់ការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយអាចបង្កឱ្យមាន «ការវិលត្រឡប់មកវិញនៃអរិភាព»។