ត្បូងឃ្មុំ ៖ ប្រធានក្រុមការងារថ្នាក់ជាតិ បានផ្ដាំផ្ញើទៅកាន់សមាជិកសមាជិការបស់គណបក្សប្រជាជនថា ការបោះឆ្នោតនៅពេលខាងមុខនេះ ពីមួយអាណត្តិទៅមួយអាណត្តិត្រូវមានការផ្លាស់ប្តូរ មនុស្សដែលមានសមត្ថភាព ចំណេះដឹង ជាពិសេសអ្នកដែលអាចបន្តវេននៅតាមមូលដ្ឋាន ដើម្បីឲ្យបំរើសេវាសាធារណៈកាន់តែល្អប្រសើរឡើង។
ឯកឧត្ដម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្លែងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ និងមានការចូលរួមពីប្រធានក្រុមការងារចុះជួយឃុំទាំង៨ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឯកឧត្ដម វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ និងភូមិត្រូវពិនិត្យមើលបេក្ខជនរបស់ខ្លួន ក្នុងការឈរឈ្មោះ សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ ហើយត្រូវពិនិត្យមើលឈ្មោសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា តាមភូមិឃុំ ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយប្រសិនបើករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ឯកឧត្ដម ប្រធានក្រុមការងារថ្នាក់ជាតិ បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង៣ការពារនិងត្រូវរៀនរស់តាមគន្លងថ្មី៕




