ប្រភពចំនួនបួនបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គ្រោងនឹងរក្សាទុកបុគ្គលិកមិនដល់ ៣០០នាក់នោះទេ នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅថា USAID ក្នុងចំណោមទីភ្នាក់ងារសរុបទូទាំងពិភពលោកនៃបុគ្គលិកជាង ១០.០០០នាក់។

ទីភ្នាក់ងារជំនួយមនុស្សធម៌ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោនមួយនេះ គឺជាគោលដៅនៃកម្មវិធីរៀបចំរដ្ឋាភិបាលឡើងវិញដែលដឹកនាំដោយអ្នកជំនួញ Elon Musk សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ចាប់តាំងពីប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក។

ប្រភពទាំងបួនដែលដឹងពីផែនការនេះបាននិយាយថា មានតែបុគ្គលិក ២៩៤នាក់ប៉ុណ្ណោះនៅទីភ្នាក់ងារនេះ នឹងត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ពួកគេ ក្នុងនោះមានត្រឹមតែ ១២នាក់នៅក្នុងការិយាល័យអាហ្វ្រិក និង ៨នាក់នៅក្នុងការិយាល័យអាស៊ី។

ដោយលោក Trump និងមហាសេដ្ឋីពិភពលោក គឺលោក Musk បានបង្កើនការចោទប្រកាន់ទាំងមិនពិតថាបុគ្គលិករបស់អង្គការនេះជាឧក្រិដ្ឋជន ពេលនេះបុគ្គលិក USAID រាប់រយនាក់ត្រូវបានបញ្ឈប់ពីការងារ អ្នកម៉ៅការផ្ទៃក្នុងរាប់រយនាក់ត្រូវបានបញ្ឈប់ ហើយកម្មវិធីសង្គ្រោះជីវិតនៅជុំវិញពិភពលោកត្រូវបានទុកចោល៕