ឆ្មាំជាតិរបស់ប្រទេសម៉ិកស៊ិក បានចេញល្បាតនៅទូទាំងព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ក្នុងពេលមានការព្រួយបារម្ភអំពីការធ្វើអន្តោប្រវេសន៍ដែលកំពុងកើនឡើង។

ទាហាន ត្រូវបានគេមើលឃើញកំពុងចេញល្បាតតាមរថយន្ត និងដោយថ្មើរជើង ស្វែងរកតាមគុម្ពោតព្រៃ និងពិនិត្យមើលតំបន់ព្រំដែនសំខាន់ៗ។ ទោះជាយ៉ាងណា វិធានការសន្តិសុខដែលត្រូវបានបង្កើន បានធ្វើឲ្យមានការរិះគន់ពីអ្នកតស៊ូមតិអន្តោប្រវេសន៍ និងអ្នកដែលស្វែងរកការជ្រកកោន។

នៅក្នុងទីជម្រកក្នុងស្រុក ជនអន្តប្រវេសន៍បាននិយាយពីការតស៊ូ និងបំណងប្រាថ្នារបស់ពួកគេដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់។ នាង Maria Elena ជនអន្តោប្រវេសន៍ម៉ិកស៊ិក បាននិយាយពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់ថា «យើងចង់ធ្វើអ្វីឱ្យត្រឹមត្រូវ»។ យើងកំពុងស្នើសុំឱ្យ លោក Donald Trump អនុញ្ញាតឱ្យពួកយើងបានចូលដោយស្របច្បាប់។
ប្រទេសម៉ិកស៊ិក បានដាក់ពង្រាយទាហានរាប់ពាន់នាក់នៅតាមព្រំដែនក្នុងសប្តាហ៍នេះ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលបញ្ឈប់ការដាក់ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក លើការនាំចូលពីប្រទេសម៉ិកស៊ិក។
ផែនការដាក់ពង្រាយទាហានម៉ិកស៊ិក ១០.០០០នាក់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ក្រោមការដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ឈប់ការគំរាមកំហែងរបស់លោកលើការដាក់ពន្ធបន្ថែម២៥% លើការនាំចូលពីប្រទេសម៉ិកស៊ិក។