ប្រជាជនកាណាដា បានរួបរួមគ្នាក្នុងជម្លោះដំឡើងពន្ធរបស់ទីក្រុងអូតាវ៉ា ជាមួយសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បានផ្អាកជាបណ្តោះអាសន្ននូវផែនការពន្ធលើទំនិញកាណាដា ដែលបានគ្រោងទុកក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការដាក់ឱ្យប្រើប្រាស់ពន្ធបន្ថែមនឹងត្រូវពន្យារពេល ៣០ថ្ងៃ ខណៈការចរចាសម្រាប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏មានសក្តានុពលជាមួយកាណាដា កំពុងប្រព្រឹត្តទៅ។

ទោះជាពន្ធថ្មីរបស់អាមេរិកបច្ចុប្បន្នកំពុងជាប់គាំងរយៈពេល ៣០ថ្ងៃក៏ដោយ ប៉ុន្តែការគំរាមកំហែងដែលជិតមកដល់នេះបាននាំឱ្យមានប្រតិកម្មមិនសុខចិត្តយ៉ាងស្រុះគ្នាពីសំណាក់ប្រជាជនកាណាដា ប្រឆាំងនឹងអ្វីដែលពួកគេហៅថា "ពន្ធដ៏អយុត្តិធម៌"។

ចាប់តាំងពីចូលកាន់តំណែងមក លោក Trump បានគំរាមយកពន្ធ ២៥% លើការនាំចេញរបស់កាណាដា ហើយថែមទាំងបានស្នើថា កាណាដាអាចក្លាយជារដ្ឋទី៥១ របស់អាមេរិក។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏បានធ្វើឱ្យមានទំនោរប្រឆាំងនៅភាគខាងជើងនៃព្រំដែន ដែលនាំឱ្យមានកំណើនអ្នកស្នេហាជាតិកាណាដា។

មនោសញ្ចេតនាប្រឆាំងអាមេរិកបែបនោះត្រូវបានចែករំលែកដោយជនជាតិកាណាដា ដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ ដោយបង្កឱ្យមានចលនាទិញទំនិញរកមើលស្លាក "ផលិតនៅកាណាដា" នៅក្នុងផ្សារទំនើបនានារបស់អាមេរិក៕