ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់សិទ្ធិជាមូលដ្ឋាន(FRA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់វិញ» សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបានគេច្រានចោល ត្រូវតែគោរពតាមច្បាប់សិទ្ធិជាមូលដ្ឋាន ហើយមិនត្រូវក្លាយជា «តំបន់គ្មានការគោរពសិទ្ធិនោះទេ»។
សហភាពអឺរ៉ុប កំពុងពិចារណាការបង្កើត «មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់វិញ» នៅក្នុងប្រទេសមិនមែនសហភាពអឺរ៉ុប ជាទីតាំងបណ្តោះអាសន្នសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ជាអ្នកដែលពាក្យស្នើសុំនៅក្នុងសហភាពអឺរ៉ុបត្រូវបានបដិសេធ និងអ្នកដែលកំពុងរង់ចាំការនិរទេសទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
ទោះបីជា ត្រូវបានដាក់ទីតាំងនៅខាងក្រៅសហភាពអឺរ៉ុបក៏ដោយ មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់វិញទាំងនេះ ត្រូវតែប្រកាន់ខ្ជាប់នូវការការពារសិទ្ធិជាមូលដ្ឋានក្រោមច្បាប់សហភាពអឺរ៉ុប ហើយរដ្ឋជាសមាជិក នឹងនៅតែ «ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិនៅតាមមជ្ឈមណ្ឌល និងក្នុងអំឡុងពេលការផ្ទេរណាមួយ» នេះបើយោងតាមឯកសាររបស់ទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់សិទ្ធិជាមូលដ្ឋាន(FRA) មានមូលដ្ឋាននៅទីក្រុងវីយែន។
នាយកទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់សិទ្ធិជាមូលដ្ឋាន(FRA) លោក Sirpa Rautio បាននិយាយថា «មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់វិញដែលបានគ្រោងទុក មិនអាចក្លាយជាតំបន់គ្មានការគោរពសិទ្ធិនោះទេ»។
ទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់សិទ្ធិជាមូលដ្ឋាន(FRA) បានបញ្ជាក់ពីការការពារសំខាន់ៗ ដែលបានដាក់នៅនឹងកន្លែងមុនពេលបង្កើតមជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់វិញ រួមមាន «ការអនុវត្តន៍តាមសិទ្ធិជាមូលដ្ឋាន ការធានាបាននូវកិច្ចព្រមព្រៀងដែលមានចំណងផ្លូវច្បាប់ ដើម្បីការពារសិទ្ធិរបស់ប្រជាជន និងការបង្កើតប្រព័ន្ធត្រួតពិនិត្យសិទ្ធិមនុស្សដោយឯករាជ្យ»។