ប្រធានជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តជំនួយជាង ១០.000គ្រឿង បានចូលទៅដល់តំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។
លោក Tom Fletcher បានលើកឡើងនៅលើបណ្តាញសង្គម X ថា៖«យើងបានបញ្ជូនរថយន្តជំនួយជាង ១០.000 គ្រឿង ចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ពីរសប្តាហ៍ ដែលជាការកើនឡើងដ៏ច្រើន ចាប់តាំងពីមានបទឈប់បាញ់។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយ សង្គ្រោះបន្ទាន់នេះ បានបន្ថែមថា ខ្លួនលោកផ្ទាល់ «នឹងនាំក្បួនរថយន្តជំនួយឆ្លងចូលទៅភាគខាងជើងតំបន់ហ្កាហ្សា»។
លោកបានថ្លែងថា៖«សូមអរគុណចំពោះមនុស្សជាច្រើន ដែលបានជួយធ្វើឲ្យរថយន្តដឹកជំនួយសំខាន់ៗដូចជា អាហារសង្គ្រោះអាយុជីវិត ឱសថ និងតង់ អាចចូលទៅដល់តំបន់នេះ»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង នៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស រៀបចំការចរចាដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានផ្អាកការប្រយុទ្ធគ្នាឥតឈប់ឈរ និងការទម្លាក់គ្រាប់បែករយៈពេល ១៥ខែ ដែលបានកើតឡើង បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។