ទីភ្នាក់ងារសារព័ត៌មានរដ្ឋ (NNA) បានរាយការណ៍ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តោតលើតំបន់ជាច្រើន នៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់។
សារព័ត៌មាន NNA បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើន លើជួរភ្នំភាគខាងកើត និងតំបន់មួយ នៅក្នុងស្រុក Baalbek ភាគខាងកើតប្រទេសលីបង់ ដោយបន្ថែមថា អ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមអាកាសជាច្រើនទៅលើគោលដៅ នៅភាគខាងត្បូងប្រទេសលីបង់ នៅម៉ោងប្រហែល ១0:៣៥យប់ ម៉ោងក្នុងស្រុក (ម៉ោង ២០:៣៥ម៉ោងសកល)។
មុនពេលមានការវាយប្រហារតាមអាកាស យន្តហោះអ៊ីស្រាអែល បានធ្វើការហោះហើរ ក្នុងរយៈកម្ពស់ទាបខ្លាំង ពីខាងលើទីក្រុង Rashaya និងភាគខាងលិចទីក្រុង Bekaa ខណៈពេលដែលកំពុងហោះហើរក្នុងរយៈកម្ពស់ខ្ពស់ពីលើទីក្រុង Hermel និងភាគខាងជើងទីក្រុង Bekaa នៅភាគខាងកើតប្រទេសលីបង់។ យោងតាមរបាយការណ៍បានឲ្យដឹងថា យន្តហោះអ៊ីស្រាអែល ក៏ត្រូវបានគេឃើញហោះពីលើទីក្រុងបេរូត (Beirut) និងជាយក្រុងនេះ ផងដែរ។
ការវិវឌ្ឍទាំងនេះ កើតឡើង បើទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងបន្តរវាងក្រុមប្រដាប់អាវុធ ហេសបូឡា នៅប្រទេសលីបង់ និងយោធាអ៊ីស្រាអែល ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយមានបំណងថា នឹងបញ្ចប់ការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាងមួយឆ្នាំ ដែលបង្កឡើងដោយសង្រ្គាម នៅតំបន់ហ្កាហ្សា។
កិច្ចព្រមព្រៀងឈប់បាញ់នេះ បានចែងថា អ៊ីស្រាអែល នឹងដកខ្លួនចេញពីទឹកដីលីបង់ ក្នុងរយៈពេល ៦០ ថ្ងៃ ខណៈពេលដែលកងទ័ពលីបង់ នឹងត្រូវបានដាក់ពង្រាយតាមព្រំដែនលីបង់-អ៊ីស្រាអែល និងនៅតំបន់ភាគខាងត្បូង ដោយធានាថា គ្មានអាវុធ ឬក្រុមសកម្មប្រយុទ្ធ នៅភាគខាងត្បូងនៃទន្លេ Litani នោះទេ។