សមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) បានបង្ហាញនូវសេចក្ដីស្នើច្បាប់ ដើម្បីហាមឃាត់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) DeepSeek របស់ប្រទេសចិន កុំឲ្យមានដំណើរការនៅលើឧបករណ៍របស់រដ្ឋាភិបាល ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។
តំណាងរាស្ត្រ លោក Josh Gottheimer ដែលជាសមាជិករបស់បក្សប្រជាធិបតេយ្យ នៅរដ្ឋ New Jersey បានបង្ហាញជូននូវច្បាប់នេះ រួមជាមួយនឹងលោក Darin LaHood មកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Illinois ដោយលើកឡើងពី «ការគំរាមកំហែងដ៏គួរឲ្យព្រួយបារម្ភ ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក» និងព្រមានអំពី «ទំនាក់ទំនងផ្ទាល់» រវាងកម្មវិធីបច្ចេកវិទ្យា DeepSeek និងរដ្ឋាភិបាលចិន។
សេចក្ដីស្នើច្បាប់នេះកើតមានឡើងបន្ទាប់ពីរបាយការណ៍កាលពីថ្ងៃទី៥ ខែកុម្ភៈដោយក្រុមហ៊ុន Feroot Security ដែលជាក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក បានរកឃើញថា គំរូ AI នេះ មានលេខកូដសម្ងាត់ដែលមានសមត្ថភាពបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅកាន់ China Mobile ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋ។
គួរបញ្ជាក់ថា ក្រុមហ៊ុន DeepSeek របស់ចិន បានធ្វើឲ្យពិភពឧស្សាហកម្ម AI ស្រឡាំងកាំង កាលពីខែមករា ដោយការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបច្ចេកវិទ្យាដែលមានតម្លៃទាប និងគុណភាពខ្ពស់របស់ខ្លួន ដែលបានផ្ដល់បញ្ហាប្រឈមដល់ការនាំមុខរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត នៅក្នុងការប្រណាំងប្រជែងដែលកំពុងមាន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានេះ៕


